ធ្លាប់តែស្កាត់ទៅញ៉ាំអាហារឆ្ងាយៗ បែរជាភ្លេចចាប់អារម្មណ៍កន្លែងដែលធ្លាប់ជិះកាត់រាល់ថ្ងៃ ។ ដូច្នេះហើយ ថ្ងៃនេះ យើងខ្ញុំនឹងដឹកដៃប្រិយមិត្តទៅស្គាល់ កន្លែងលក់លតឆាមួយកន្លែង ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គម នោះគឺលតឆាលោកតាវ័យចំណាស់ម្នាក់ ដែលឈរជើងលក់នៅតំបន់ស្ទឹងមានជ័យ ។
តាមរយៈការបង្ហោះពីម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Sing ផ្លែឈើធម្មជាតិ ធ្វើអោយលោកតាទទួលបានការចាប់អារម្មណ៍បន្ថែម និងទទួលបានការពេញនិយមចូលចិត្ត និង ចែករំលែកតៗគ្នាជាច្រើន ។
បើនិយាយទៅ អ្នកដែលធ្លាប់បានទៅប្រាកដជាបានដឹងហើយ ថាកន្លែងរបស់លោកតា លក់ដាច់ជាហូរហែរ ដោយសារឱជារសឈ្ងុយឆ្ងាញ់នៃសាច់លតបូកផ្សំជាមួយថ្វីដៃរបស់គាត់ ។លក្ខណៈពិសេសនោះគឺថា លតឆាត្រូវបានគាត់ចម្អិនដោយ ចង្រ្កានអុសធម្មតាដែលធ្វើឱ្យសាច់លតមានលក្ខណៈឆ្អិនល្អ ក្ដៅហុយៗគួរឱ្យចង់ដាក់ចូលមាត់តែម្ដង ។
មិនតែប៉ុណ្ណោះបើនិយាយពីតម្លៃវិញគឺថា ធូរថ្លៃអស់ស្ទះ ព្រោះប្រិយមិត្តចំណាយតែ ៤០០០ រៀល ឬ ៥០០០រៀលតែប៉ុណ្ណោះ គឺថាញ៉ាំគ្នា ២ នាក់អីមិនចង់អស់ផង ។ដូច្នេះ សម្រាប់ប្រិយមិត្តដែលពុំធ្លាប់បានដឹង ហើយមានចំណាប់អារម្មណ៍ អាចទៅសាករសជាតិលតឆារបស់គាត់បាន ដែលមានទីតាំងនៅម្ដុំផ្សារស្ទឹងមានជ័យថ្មី៕