ប្រទេសថៃ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ប៉ូលីសបានទទួលរបាយការណ៍អំពីរឿងមួយដែលកំពុងត្រូវបានគេរិះគន់ស្ទើរតែពេញប្រទេស ករណីព្រះសង្ឃវ័យប្រហែល២០ឆ្នាំ ១រូប សម្រេចបើកអាស្រមផ្ទាល់ខ្លួននៅឯវត្តដ៏ល្បីល្បាញមួយនៅខេត្តឈៀងម៉ៃ ដោយមានទទួលសាក់រូបតានិមិត្ត និងធ្វើពិធីផ្សេងៗដូចជាសូត្រមន្តបិទមាសនៅលើខ្លួនប្រាណ និងបូជាគ្រឿងសក្ការៈបូជាផ្សេងៗ ដែលអាកប្បកិរិយាអម្បាលម៉ានរបស់ព្រះសង្ឃរូបនេះបានធ្វើឲ្យពលរដ្ឋ នឹងអ្នកលេងលើបណ្ដាញសង្គមចាត់ទុកថាជាអំពើស្មោគគ្រោគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។
តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមមានមនុស្សជាច្រើនបានមកធ្វើពិធីនៅអាស្រមមួយនេះ មានទាំងស្ត្រី និងបុរស ដែលគេឃើញមានស្រ្ដីវ័យក្មេងជាច្រើនបានឲ្យព្រះសង្ឃរូបនេះធ្វើពិធីបិទសន្លឹកមាសនៅលើដៃ និងមុខ ដែលជាពិសេសនោះយើងឃើញមានរហូតដល់បិទនៅលើដើមទ្រូងទៀតផង។
ចំណែកប្រុសៗគឺព្រះសង្ឃវ័យក្មេងរូបនេះបានធ្វើពិធីសាក់យ័ន្ដឲ្យ ហើយយើងក៏ឃើញមានមានរូបភាពរបស់ព្រះសង្ឃក្នុងលក្ខណៈអង្គុយបង្ហុយបារី ផឹកតែយ៉ាងព្រងើយ ដោយទង្វើទាំងអស់នេះបានបង្ហាញការជះឥទ្ធិពលដល់ពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ អ្នកភូមិដែលរស់នៅតំបន់នោះបានត្អូញត្អែរប្រាប់ភ្នាក់ងារពាក់ព័ន្ធឲ្យស៊ើបអង្កេតរឿងនេះ ព្រោះវាមើលទៅមិនត្រឹមត្រូវ ហើយពួកគេចង់ឲ្យព្រះសង្ឃវ័យ២០ឆ្នាំនោះ គួរតែរើអាស្រមចេញពីវត្ត គួរតែទៅបង្កើតអាស្រមនៅទីកន្លែងផ្សេង ហើយជាពិសេសមិនគួរប្រើក្រណាត់ពណ៌លឿង ឬប្រើទីកន្លែងវត្តអារ៉ាមដើម្បីធ្វើសកម្មភាពតាមរបៀបនេះឡើយ ៕