នៅរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងពីករណី បុរសម្នាក់ពុលស្លាប់ ដោយសារបរិភោគសត្វល្អិតមួយប្រភេទ មិនអាចស្រោចស្រង់ជីវិតបាន នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ស្ថិតក្នុងភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
បុរសដែលជាជនរងគ្រោះ មានឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរធ្វើស្រែចម្ការ បានស្លាប់បាត់បង់ជីវិត ដោយសារពុលអាហារ ក្រោយពីបរិភោគសត្វល្អិតម្យ៉ាង ដែលត្រូវបានគេស្គាល់ថា ខ្ញុងខ្មៅក្រហម។ បើតាមការរៀបរាប់ ពីក្រុមសាច់ញាតិ បានឱ្យដឹងថា ដំបូងឡើយបុរសខាងលើ ត្រូវជាកូន បានឃើញគេដាក់លក់សត្វនេះ ដោយគិតថាមិនអី គាត់ក៏បានទិញវាយកមកលាងទឹក រួចក៏ចម្អិនហូបក្រោយលីងវាឆ្អិន។
ទន្ទឹមនោះ ស្ត្រីជាម្តាយបានសាកល្បងហូបចូលមាត់បន្តិច ក៏ខ្ជាក់ចេញវិញ ដោយស្រែកថា ល្វីងណាស់ ចំណែកបុរសជាកូនប្រុស បានបន្តហូបសត្វនេះធម្មតា រហូតដល់ហូបសត្វនេះរួច បុរសខាងលើបានចាប់ផ្តើមមានអាការៈមិនស្រួលខ្លួន រាគផង ក្អួតផង ដោយគិតស្មានថាមិនអី ទើបមិនបានទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេល គឺបន្តប្រើថ្នាំព្យាបាលនៅផ្ទះអស់រយៈពេលប្រហែលពីរថ្ងៃ។
ដោយសភាពជំងឺហាក់មិនថយ និងកាន់តែធ្ងន់ធ្ងរ សាច់ញាតិក៏បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ទើបគ្រូពេទ្យបញ្ជាក់ថា ហួសពេលហើយ ដោយគ្រឿងក្នុងសំខាន់ៗរបស់គាត់ ត្រូវបានជាតិពុលបំផ្លាញអស់ហើយ ទើបក្រុមសាច់ញាតិ ក៏បានសម្រេចដឹកបញ្ជូនជនរងគ្រោះ មកផ្ទះទាំងសោកស្តាយជាពន់ពេក និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២៕
អត្ថបទ៖ ប្រជាប្រិយ