បើទោះជាខំតុបតែងខ្លួនឲ្យស្អាត និងប្រុងប្រយ័ត្នយ៉ាងណា ប៉ុន្តែកំហុសឆ្គងនៅតែអាចកើតមានឡើងនៅពេលខ្លះ។ ថ្ងៃនេះ កញ្ញា នឹងបង្ហាញប្រិយមិត្តទាំងអស់គ្នាពីរូបថតរបស់តារាល្បីៗមួយចំនួនក្នុងប្រទេសថៃ ដែលធ្លាប់រងការវាយប្រហារយ៉ាងចាស់ដៃពីអ្នកលេងអ៊ីនធឺណិតដោយសារកំហុសឆ្គងចេតនា និងអចេតនារបស់ពួកគេ។
១. Baifern Phimchanok កែរូបឲ្យចេញរាង ង ស្អាត តែបែរស្វិតដៃពាក់កណ្ដាល
តារាសម្ដែងវ័យក្មេងដែលពោរពេញដោយទេពកោសល្យរូបនេះធ្លាប់ត្រូវបានបណ្ដាអ្នកលេងអ៊ីនធឺណិតរិះគន់ក្រោយរូបថតមួយសន្លឹកដែលនាងថតជាមួយមិត្តរួមអាជីព Mai Davika ត្រូវបានគេដឹងថាជារូបកាត់តតាម Photoshop។ ក្រោយមានការរិះគន់ តារារូបនេះបានទម្លាយថាអតីតអ្នកចាត់ការរបស់ខ្លួនគឺជាអ្នកកែ ខណៈដែលខ្លួនធ្លាប់ហាមប្រាមពីរឿងនេះកន្លងមកហើយ។
២. James Jirayu ផាត់មុខឡើងដូចអ្នកលេងល្ខោនបាសាក់
តារាជួរមុខ James Jirayu ធ្លាប់មានបញ្ហាជាមួយការតុបតែងមុខហួសហេតុពេក រហូតពេលថតរូបឃើញមុខហោះច្បាស់ក្រឡែត។ តារារូបនេះបានចេញមុខនិយាយថា លើកក្រោយខ្លួននឹងប្រុងប្រយ័ត្នខ្លាំងជាងនេះ។
៣. Poo Praiya ត្រូវគេរិះគន់រឿងរោមក្លៀក
បញ្ហារោមក្លៀកបានធ្វើឲ្យ តារាសម្ដែង Poo Praiya ត្រូវគេបាញ់មួយប្រាវដែរ ប៉ុន្តែក្រោយមកនាងក៏មើលថែសម្រស់បានយ៉ាងល្អ និងមិនឲ្យបញ្ហានេះកើតឡើងទៀតឡើយ។
៤. Pooklook Fontip មានបញ្ហាក្លៀកខ្មៅ
តារាសម្ដែង Pooklook Fontip ក៏ធ្លាប់រងការរិះគន់មិនតិចដែរចំពោះបញ្ហាក្លៀកខ្មៅ មិនស្អាត ប៉ុន្តែក្រោយៗមក តារាឯកស្រីប៉ុស្តិ៍លេខ៧រូបនេះក៏ព្យាយាមកែលម្អសម្រស់ខ្លួនរហូតស្អាតទៅៗ។
៥. Mew Laknara រាំឡើងស្ទើរតែជ្រុះរ៉ូប
តារាសម្ដែង Mew Laknara ធ្លាប់ជួបរឿងអាម៉ាស់មិនស្ទើរឡើយលើវេទិកា ដោយខណៈដែលតារាស្រីរូបនេះកំពុងសម្ដែងស្រាប់តែមានបញ្ហាលានអាវប៉ុងចេញមកខាងក្រៅ។ រូបភាពរបស់នាងក៏ត្រូវបានចែកចាយពេញអ៊ីនធឺណិតនៅពេលនោះ។
៦. Aum Lukkana បង្ហោះរូបលេងស្ទីលមិនពាក់អាវក្នុង
តារាសម្ដែងសិចស៊ីរូបនេះ បានបង្ហោះរូបមួយសន្លឹកដោយមិនពាក់អាវក្នុង ធ្វើឲ្យបណ្ដាអ្នកតាមដានលើ Instagram ទាំងឡាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
៧. Baitoey Rsiam កែរូបឲ្យចេញជើងតូច
តារាចម្រៀង និងសម្ដែងរូបនេះ ធ្លាប់ត្រូវគេចាប់បានថតបង្ហោះរូបកាត់តតាម Photoshop ឲ្យចេញជើងវែងនិងស្លីមជាងធម្មតា បន្ទាប់ពីរូបដើមនោះត្រូវបានបង្ហោះលើ Instagram របស់ DJ Man ៕