សម្រាប់តារាស្រី Pinky Savika និង អ្នកម្តាយ រួមជាមួយបងប្រុសរបស់នាង មកទល់ពេលនេះនៅជាប់ពន្ធនាគារនៅឡើយ ដោយនៅពុំទាន់ទទួលបានការធានាឱ្យនៅក្រៅឃុំឡើយ ខណៈក្រុមភ្នាក់ងារពិសេស ក៏កំពុងតែស៊ើបអង្កេតបន្តនៅលើរឿងក្តីដ៏ក្តៅគគុកមួយនេះ ព្រោះមានជនរងគ្រោះមិនតិចនោះទេដែលបានខាតបង់ទ្រព្យសម្បិត្តលុយកាក់ ដោយសារតែការបណ្តាក់ទុក Forex 3D នេះ។
ទន្ទឹមនឹងការរង់ចាំដោះស្រាយជុំវិញរឿងក្តីនេះដែរ ឃើញថានាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Pinky Savika និង ម្តាយ រួមជាមួយអ្នកជាប់ពាក់ព័ន្ធឯទៀត បានចូលខ្លួនមកកាន់តុលាការសាជាថ្មីហើយ ដើម្បីមកផ្តល់ចម្លើយ និង បង្ហាញភស្តុតាងដើម្បីការពារខ្លួន។
ទោះជាយ៉ាងណា បន្ទាប់ពីជនជាប់ចោទទាំងប៉ុន្មានបានចូលខ្លួនទៅកាន់តុលាការភ្លាម ស្រាប់តែខាងតុលាការបានឱ្យដឹងថា ពេលនេះសុំពន្យារការណាត់ជួបពិនិត្យភស្តុតាងរបស់ជនជាប់ចោទវិញ ដោយលើកទៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដោយសាតែឯកសាររបស់ជនរងគ្រោះមានច្រើនជាង ៥០០ ច្បាប់ឯណោះ ដូច្នេះខាងមេធាវីសុំជនរងគ្រោះត្រូវពិនិត្យឯកសារឱ្យល្អិតល្អន់ជាមុន ដើម្បីត្រៀមភស្តុតាងការពារក្នុងរឿងក្តីមួយនេះ។
ដោយឡែក ទន្ទឹមនឹងការពន្យារពេលពិនិត្យភស្តុតាងរបស់ជនជាប់ចោទនោះដែរ ខាងក្រុមអ្នកកាសែតក៏បានទម្លាយពីស្ថានភាពរបស់តារាស្រី Pinky Savika ខណៈចូលខ្លួនមកកាន់តុលាការកាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅឱ្យមហាជនបានេជ្រាបផងដែរ។
តាមស្ថានភាពរបស់ Pinky ពេលនោះ នាងហាក់មិនសូវស្រ្តេសឡើយ ទឹកមុខស្រស់បស់ ពិសេសនាងក៏ត្រូវបានកាត់សក់ខ្លី ស្លៀកពាក់ឈុតអ្នកទោស ដើរអត់ពាក់ស្បែកជើង ព្រមទាំងកាន់ដៃម្តាយរបស់នាងជាប់ចូលមកកាន់តុលាការ និង លើកដៃរាក់ទាក់ដល់អ្នកកាសែត និង អ្នកគាំទ្រដែលមកលើកកម្លាំងចិត្តនាងថែមទៀតផង៕ អត្ថបទ៖ ប្រជាប្រិយ