រឿងរ៉ាវរំជួលចិត្តដែលកំពុងល្បីនៅលើបណ្តាញអ៊ីនធឺណេត ហើយត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងស្រីតូចម្នាក់វ័យ ៦ឆ្នាំ ដោយមហាជនមានការងឿងឆ្ងល់ថា តើហេតុអ្វីបានជានាងតូចម្នាក់នោះតែងតែចេញដើរផ្សារតែម្នាក់ឯង ដោយមិនដែលឃើញឪពុកម្ដាយទាល់តែសោះ។
ការពិតនៅពីក្រោយភាពងឿងឆ្ងល់នោះគឺ នាងតូចនោះឈ្មោះ Xiao Jia រស់នៅជាមួយនឹងឪពុកម្ដាយពិការភ្នែក រួមទាំងប្អូនប្រុសតូចល្អិតម្នាក់ផងដែរ។ គ្រួសារនោះរស់នៅបន្ទប់ជួលមួយកន្លែង ជាយូរមកហើយ ហើយឪពុករបស់នាងតូចធា្លប់ជាបង្គោលរបស់គ្រួសារ ប៉ុន្ដែជាអកុសលគាត់មានជំងឺរហូតពិការភ្នែក។
ឪពុករបស់នាងឈ្មោះ Hehe វ័យ ៤៣ឆ្នាំ ពិការភ្នែកបន្ទាប់ពីមានកូនស្រីម្នាក់ទៀតឈ្មោះ Yang Li ហើយម្ដាយរបស់នាងតូចវិញ ជាស្រ្តីពិការភ្នែកវ័យ ៣០ឆ្នាំ ឈ្មោះ Chang។ បច្ចុប្បន្នប្ដីប្រពន្ធនេះ ពិការភ្នែកទាំងពីរនាក់។ ប្ដីប្រពន្ធនេះរៀបការទៅបានដោយមានការជួយពីជន សប្បុរសធម៌ ហើយទីបំផុតក៏បើកបានហាងម៉ាស្សាមួយ។ នៅពេលឪពុកម្ដាយរបស់ Xiao Jia ពិការភ្នែក នាងតូចទើបតែអាយុ ៣ឆ្នាំប៉ុណ្ណោះ ស្របពេលមានប្អូនតូចម្នាក់ទៀត។
អំឡុងពេលនោះអ្នកជិតខាងបានមកជួយមើលថែគ្រួសារនោះរហូតដល់នាងតូច Xiao Jia អាយុ ៦ឆ្នាំ ល្មមដឹងក្ដី និងអាចធ្វើការងារបាន អ្នកជិតខាងក៏ត្រឡប់ទៅវិញអស់។ នាងតូចនោះបានរៀនធ្វើការងារផ្ទះផង ទិញម្ហូបផង ចម្អិនម្ហូបផង ដឹកដៃឪពុកម្ដាយ និងមើលថែប្អូនប្រុសម្នាក់ទៀត។ ហើយនាងតូចម្នាក់នេះអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែធ្វើការងារប្រៀបដូចជាមនុស្សជំទង់ទៅហើយ៕