ហេតុការណ៍បាក់ស្រុតដីមួយបានកើតឡើងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនៅម៉ោង ៣ ទៀបភ្លឺ(ម៉ោងក្នុងតំបន់) នៅឯកសិដ្ឋានមួយក្នុងសង្កាត់ Batang Kali ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងមានមនុស្សទៅបោះតង់កម្សាន្ត។ មកទល់ពេលនេះ ក្រុមរុករក និង ជួយសង្គ្រោះម៉ាឡេស៊ី ក៏កំពុងតែស្វះស្វែងរកជនរងគ្រោះដែលកំពុងតែជាប់ក្រោមដីដែលបានបាក់។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សប្រមាណ ២១ នាក់បានស្លាប់ ដោយក្នុងចំណោមជនរងគ្រោះទាំងនោះមានកុមារ ៥ នាក់និង ស្ត្រី ១២ នាក់។ ជាមួយគ្នានោះដែរ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ៤០០ នាក់ បានកំពុងដុតដៃដុតជើងជីកដីភក់ ដើម្បីស្វែងរកមនុស្ស ១២ នាក់ទៀតដែលកំពុងបាត់ខ្លួន។
នាយកដ្ឋានពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា ជម្រាលដែលបាក់នោះ គឺមានកម្ពស់ ៣០ ម៉ែត្រ ហើយអាជ្ញាធរក៏សង្កត់បញ្ជាក់ដែរថា ការបាក់ដី គឺបាក់ក្នុងទំហំដីប្រមាណ ៤៥ ម៉ឺនម៉ែត្រការ៉េ។
គួរបញ្ជាក់ដែរថា បើតាមក្រសួងក្នុងតំបន់បានឱ្យដឹងថា ទីតាំងបោះតង់ខាងលើនេះ គឺបានបើកដំណើរការដោយខុសច្បាប់ ហើយម្ចាស់ទីតាំងអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬ ពិន័យជាសាច់ប្រាក់រហូតដល់ ៥០ ០០០ រីងហ្គីត (ប្រមាណ ១១ ៣១៨ ដុល្លារ)៕
ប្រភព៖ ប្រជាប្រិយ