ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែត បង្ហាញពីទិដ្ឋភាពនារីម្នាក់ ត្រូវបានភោជនីយដ្ឋានមួយក្នុងប្រទេសចិន ជួលឲ្យដេកសម្រាប់ដាក់អាហារនៅលើរាងកាយ តែនាងបានផ្ទុះកំហឹងយ៉ាងខ្លាំងលើភ្ញៀវប្រុសម្នាក់ ដែលបានប្រើអាកប្បកិរិយា មិនសមរម្យដាក់រូបនាង។
យោងតាមកាសែតចិន Sina បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងភោជនីយដ្ឋានមួយ (មិនបញ្ចេញឈ្មោះ) ស្ថិតក្នុងទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន។ ភោជនីយដ្ឋានខាងលើបាន រៀបអាហារដាក់លើតុជួរៗជាច្រើន ក្នុងនោះគេឃើញមាននារីវ័យក្មេងម្នាក់ ត្រូវបានម្ចាស់ហាងជួលឲ្យដេកនៅលើតុ ស្លៀកឈុតក្នុងប៉ុណ្ណោះ តាមបែបអាហារជប៉ុន ស៊ូស៊ី (Sushi) លើខ្លួននាង។
តាមរយៈវីដេអូឃ្លីបត្រង់ឈុតមួយ គេឃើញនារីវ័យក្មេងនោះ ស្រាប់តែស្ទុះងើបអង្គុយទាំងកំហឹង និងបានលោតពីលើតុអាហារ ទៅរកវ៉ៃ និងរុញបុរសជាភ្ញៀវម្នាក់ ដោយនាងបានចោទប្រកាន់ថា បុរសជាភ្ញៀវនោះ បានប្រើចង្កឹះចាប់អាហារមិនសមរម្យ បំណងចង់បៀនបៀតកេរ្តិ៍ខ្មាសនាង។ ក្រោយមកក៏មានការជជែកឈ្លោះគ្នា មុនពេលដែលវីដេអូឃ្លីបនោះត្រូវបានបញ្ចប់។
គួរឲ្យដឹងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលមានភោជនីយដ្ឋានក្នុងប្រទេសចិន បានជួលនារីឲ្យដេកតម្រៀបអាហារលើខ្លួនប្រាណយ៉ាងដូច្នេះ។ ជាក់ស្តែង កន្លងមកក៏មានភោជនីយដ្ឋានជាច្រើនកន្លែងផ្សេងទៀត បានអនុវត្តន៍វិធីសាស្រ្តមួយនេះ ដើម្បីទាក់ទាញភ្ញៀវ ជាពិសេសបុរសៗឲ្យចូលមក ពិសាអាហារនៅក្នុងហាងរបស់ពួកគេផងដែរ។
ទោះបីជាយ៉ាងណាក្តី សកម្មភាពមួយនេះ ក៏បានធ្វើឲ្យអ្នកមួយចំនួន ចាត់ទុកថាប្លែកគួរឲ្យចាប់អារម្មណ៍ ខណៈក៏មានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនផងដែរ ៕