តាំងពីនាងចឺម សាងស្នេហាជាមួយអ្នកមេម៉ាយកូនមួយ ស្រស់ស្អាត សេង សុខឃីម មក អ្នកគាំទ្រ បានយល់ឃើញថា នេះជាស្នេហាច្បាស់លាស់របស់ចឺមហើយមើលទៅ ដោយសារតែពួកគេ បានទិញផ្ទះរួមគ្នា និងបង្ហាញភាពផ្អែមល្ហែមឥតដាច់នៅលើបណ្ដាញសង្គម។
ទោះយ៉ាងណា មួយរយៈមុននេះ ពួកគេបានបង្ហាញតម្រុយបែកបាក់គ្នា។ តែក្រោយមកក៏ឃើញត្រូវរ៉ូវគ្នាវិញ បានរយៈពេលរាងយូរគួរសមដែរ ស្រាប់តែពេលនេះ លេចឮដំណឹងជាថ្មីថា ស្នេហារបស់ពួកគេឈានដល់ផ្លូវបំបែកជាថ្មីម្ដងទៀត។
ជាក់ស្ដែង អ្នកនាង សេង សុខឃីម បានបង្ហោះសារកាលពីពេលថ្មីៗនេះ បង្ហាញពីតម្រុយបែកបាក់ស្នេហ៍ថា «”អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន” ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ…..»។
បន្ថែមលើនេះ អ្នកនាង សេង សុខឃីម បានបង្ហោះសារជាបន្តបន្ទាប់ទៀតថា «ខ្ញុំជាមនុស្សចិត្តមិនដាច់ តែបើនៅក្បែរអ្នកណា ខ្ញុំធ្វើឲ្យមានអារម្មណ៍ថា មានបញ្ហាដោយខ្ញុំ ខ្ញុំនឹងចិត្តដាច់ដើម្បីគេ…, សូមប្រើពេលវេលា ដែលនៅសេសសល់អោយមានន័យសម្រាប់ជីវិតរបស់យើង»។
ជុំវិញរឿងនេះ បើទោះមានមតិជាច្រើនយល់ថាពួកគេបែកគ្នា ហើយមានការចុះផ្សាយព្រោងព្រាតពីរឿងនេះ ក៏រហូតមកដល់ពេលនេះ ចឺម រក្សា ភាពស្ងៀមស្ងាត់ មិនបកស្រាយអ្វីទាំងអស់។ តែនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ លោក បានបង្ហាញដៃគូថ្មី ហើយប្រាប់ថា «ដៃគូថ្មី បទថ្មីមួយ បទចាស់មួយ»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «សាវាណាស់idol, សង្សារច្រើនណាស់ចឺម ចែកខ្ញុំមួយផង, ចឺមសាវាណាស់ល្មមឈប់ទៅបានហើយប្អូន, ដៃគូថ្មី ថតបទថ្មី ហើយក៏សង្សារថ្មីដែរidol, មួយបទដូរដៃគូមួយ, ចង់ឡូយដូចបងដែរ, តិចដាក់ស្នេហ៍គេទៀតទៅ»។
គួរបញ្ជាក់ថា នាយចឺម បានសាងស្នេហ៍ដំបូងជាមួយអ្នកមេម៉ាយរូបសម្រស់ សេង សុខឃីម ក៏ដោយសារMVចម្រៀងមួយបទមានចំណងជើងថា «ថ្លៃទឹកដោះ»។ តែមិនដឹងការសម្ដែងជាមួយដៃគូថ្មីនេះ បង្កើតជាស្នេហាទៀត ឬយ៉ាងណានៅឡើយទេ។ ដូច្នេះ មានតែរង់ចាំមើលទាំងអស់គ្នា៕