បុរសម្នាក់ជាម្ចាស់ភោជនីយដ្ឋានពោធិចិនតុង តុបតែងខ្លួនសាមញ្ញពេក បានធ្វើឱ្យមនុស្សជាច្រើន ច្រឡំថា លោកជាអ្នកយាមឡាន ហើយភ្ញៀវដែលហូបបាយនៅភោជនីយដ្ឋានខាងលើ តែងឱ្យលុយលោក ១០០០រៀលជារៀងរាល់ថ្ងៃ ហើយលោកតែងទទួលយកជានិច្ច។
យ៉ាងណាក្ដី តាមពិតបុរសម្នាក់នេះមានសមាសភាពជាថៅកែហាងសោះ មិនមែនជាអ្នកយាមឡានដូចដែលមនុស្សជាច្រើនបានយល់ច្រឡំនោះទេ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី។
ឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូប ២សន្លឹក ជាមួយនឹងសារខ្លីមួយដែលមានអត្ថន័យថាថា៖
“ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចេះតែឱ្យលុយគាត់១.០០០៛ញយៗគាត់ចេះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះ ខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ”។
ករណីម្ចាស់ភោជនីយដ្ឋានពោធិចិនតុង ធ្វើខ្លួនសាមញ្ញមិនបង្ហាញចរិតក្រអឺតក្រទម បានក្លាយជាមេរៀនមួយដ៏ល្អបំផុត ដើម្បីដាស់តឿនចរិតមនុស្សកុំឱ្យវាយតម្លៃនរណាម្នាក់ ត្រឹមសម្បកក្រៅ។
ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ជាច្រើនបានសាទរនូវទង្វើរបស់ថៅកែភោជនីយដ្ឋានខាងលើ ដោយមានការបញ្ចេញមតិកោតសរសើរថៅកែរូបនេះថា ជាមនុស្សមិនចេះប្រកាន់ខ្លួន ធ្វើខ្លួនសាមញ្ញបំផុតគួរឱ្យចង់រាប់អាន ខុសពីអ្នកមានទ្រព្យសម្បត្តិហូរហៀរខ្លះ ចូលចិត្តសម្ដែងចរិតក្រអឺតដាក់អ្នកក្រ៕