នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ទីរព័ត៌មានខេត្តកំពត បានជូនព័ត៌មានដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា សម្រាប់បេសកកម្មស្វែងរកនារីម្នាក់ ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ឪម៉ាល់ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត នោះ ត្រូវបានរកឃើញសាកសពហើយ។
ជាក់ស្ដែង យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលនេះ បានឱ្យដឹងថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយ ។ 02.08.23»។
គួរបញ្ជាក់ផងដែរថា ក្នុងបេសកកម្មស្វែងរកនារី ដែលបានបាត់ខ្លួននេះ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងប្រមាណជាង ១០០ នាក់៕