នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ព័ត៌មានប៉ុស្តិ៍ One31 បានរាយការណ៍ថា លោកវរសេនីយ៍ឯក Apichart Puthabun នាយកប៉ុស្តិ៍នគរបាល ខេត្ត Samut Sarakham បានឃុំខ្លួននារីម្នាក់ឈ្មោះ May សញ្ជាតិមីយ៉ាន់ម៉ា អាយុ ៣១ឆ្នាំ និងនារីម្នាក់ទៀត ឈ្មោះថា Ice សញ្ជាតិមីយ៉ាន់ម៉ា អាយុ ៣៤ឆ្នាំ ពួកគេត្រូវជាកម្មករធ្វើការឲ្យស្ត្រីឈ្មោះ SamNeang Disathorn អាយុ ៦២ ឆ្នាំ ដែលគាត់ស្រឡាញ់ទុកចិត្តដូចជាកូនក្មួយ បានចោះទូដែកលួចគ្រឿងអលង្ការ និងលុយជាច្រើនសន្ធឹកសន្ធាប់។
វត្ថុតាងរួមមាន៖ ចិញ្ចៀនមាសដាំពេជ្រជុំវិញចំនួន ៧វង់ ខ្សែកមាស Sukhor Thai ទម្ងន់ ១២តម្លឹង ខ្សែកបន្តោងពេជ្រ ១ខ្សែ និងលុយសុទ្ធជំនួន ៣២១,០០០ សរុបទាំងអស់ប្រហែល ២០០០.០០០ បាត (ប្រមាណ៦៥ម៉ឺនដុល្លារអាមេរិច)។
ស្រ្តីដែលជាម្ចាស់ផ្ទះបាននិយាយថា នារីម្នាក់ឈ្មោះ Ice ទើបតែមកនៅជាមួយគាត់បាន ២ខែប៉ុណ្ណោះ នាង Ice មិនដែលធ្វើសកម្មភាពគួរឱ្យសង្ស័យម្តងណាទេ ហើយគាត់ក៏ទុកចិត្តនាងដែរ រហូតមកដល់ថ្ងៃសុក្រទី៣១ ខែកក្កដា គាត់បានឃើញថាប្រអប់ឈើរំកិលខុសទីតាំង ហើយទូដែកសុវត្ថិភាពដែលគាត់បានរក្សាទុកនៅក្នុងក៏បាត់ទៀត។
គាត់បានបញ្ជាក់ថាទ្រព្យសម្បត្តិ ដែលមាននៅក្នុងទូសុវត្ថិភាពនោះតម្លៃប្រហែលជា ២,០០០,០០០ បាត (ប្រហែល ៦៥ម៉ឺនដុល្លារអាមេរិច) ។ លើសពីនេះ បន្ទាប់ពីមានហេតុការណ៍កើតឡើងហើយ នារីឈ្មោះ Ice សម្តែងបន្លំធ្វើជាមិនដឹង ព្រមទាំងនិយាយចោទថា មានចោរលួចចូលផ្ទះហើយបានបំបែកទូដែកសុវត្ថភាពរបស់គាត់។
បន្ទាប់មកស្រ្តីដែលជាម្ចាស់ផ្ទះ បានទៅរាយការណ៍ប្រាប់ប៉ូលីស អំពីហេតុការណ៍ដែលបានកើតឡើង។ ក្រោយពីប៉ូលីសបានពិនិត្យ
និងស៊ើបអង្កេតទើបដឹងថា ជាស្នាដៃរបស់នារីម្នាក់ឈ្មោះ Ice និង ប្អូនស្រីរបស់គេ ធ្វើឲ្យស្ត្រីដែលជាម្ចាស់ផ្ទះហួសចិត្តនឹកស្មានមិនដល់។
លោកវរសេនីយ៍ Apichart បានបង្ហាញថាក្នុងករណីនេះជនដៃដល់ គឺបានប៉ុនប៉ងធ្វើសកម្មភាពនេះយូរមកហើយ ព្រោះថាទោះបីជាម្ចាស់ផ្ទះបានធ្វើប្រអប់ឈើដាក់ទូសុវត្ថភាព ដើម្បីបំបាំងភ្នែកប៉ុណ្ណឹងហើយ ក៏ពួកគេនៅតែមើលឃើញដែរ។ បន្ទាប់មកឆ្លៀតឱកាសពេលដែលម្ចាស់ផ្ទះមិននៅ ពួកគេក៏បាននាំយកទូសុវត្ថិភាពនោះលាក់ទុកខាងក្រោយផ្ទះ ហើយរៀបចំដាក់ប្រអប់ឈើនោះនៅកន្លែងដើមវិញ ដើម្បីបន្លំភ្នែកម្ចាស់ផ្ទះ។
នៅថ្ងៃបន្ទាប់នារីឈ្មោះថា May ដែលជាប្អូនស្រីរបស់នាង Ice ក៏លួចចូលបន្ទប់ ដើម្បីធ្វើសកម្មភាពគាស់ទូសុវត្ថិភាព ដោយប្រើច្រវ៉ាក់ និងកាំបិតចំណាយអស់រយៈពេល ២ថ្ងៃ ទើបទម្លុះបានប្រឡោះប៉ុនមួយឡូកដៃបាន បន្ទាប់ពីលួចបានហើយ ពួកគេក៏បានយក ទ្រព្យសម្បត្តិនោះទៅកប់ក្នុងដីខ្លះ នឹងយកទៅលក់នៅហាងមាសខ្លះ។
ដោយខ្លួនមានជាប់បំណុលច្រើនពេក ពួកគេក៏បានយកលុយនោះទៅសងគេ ហើយសល់ខ្លះក៏យកទៅលេងល្បែងអនឡាញ។
កន្លងផុតទៅបាន ៧ថ្ងៃ ពួកគេក៏បាននាំយកទូសុវត្ថិភាពនោះមកឲ្យម្ចាស់ផ្ទះវិញ ដោយពួកគេបាននិយាយចោទថាមានចោរចូលផ្ទះ លួចគាស់ទូយកទ្រព្យសម្បត្តិអស់ហើយ។
លទ្ធផលត្រួតពិនិត្យជាបឋម បានឲ្យដឹងថានារីឈ្មោះ Ice នាងញៀនល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណេត ហើយមានបំណុលច្រើន ត្រូវការលុយដើម្បីសងបំណុល ទើបនាងសម្រេចចិត្តប្រព្រឹត្តអំពើបែបនេះ។ ពួកគេត្រូវបានចាប់ចោទពីបទលួចប្លន់ទ្រព្យសម្បត្តិ ពេលនេះពួកគេត្រូវបានចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ៕ ប្រភព៖ sakkarach