បើនិយាយអំពីផ្សិត មនុស្សជាច្រើនអាចគិតដល់ផ្សិតដែលធ្វើជាអាហារ ថែមទាំងមានរសជាតិឆ្ងាញ់ពិសា ហើយផ្សិតខ្លះក៏មានសារធាតុពុលផងដែរ។
ប៉ុន្តែ មានផ្សិតមួយប្រភេទដែលចម្លែកមិនដូចផ្សិតដទៃនោះគឺ វាអាចធ្វើឱ្យមនុស្សស្រីឈានដល់ចំណុចកំពូលនៃតម្រេកកាមគុណបាន ដោយគ្រាន់តែហិតក្លិនរបស់វា។ ផ្សិតនោះឈ្មោះថា ផ្សិតឫស្សី ឬផ្សិតសំណាញ់។ ផ្សិតឫស្សី (Dictyophora indusiata) មានពូជជាច្រើនទូទាំងទ្វីបក្នុងពិភពលោក។
ចំណែកផ្សិតឫស្សី ដែលគេរកឃើញថា អាចធ្វើឱ្យមនុស្សស្រីដល់ចំណុចកំពូល គ្រាន់តែហិត គឺមានពូជច្រើនប្រភេទដែលមិនអាចទទួលទានបាន។ វាមានសំណាញ់ពណ៌ក្រហម លាយទឹកក្រូច ខុសពីសំណាញ់ប្រភេទផ្សេងៗដែលមានពណ៌ស និងលឿង។ សំណាញ់របស់វាមិនរីកទេ ប៉ុន្តែជាប់នឹងផ្កា។ ផ្សិតមាននៅកោះហាវ៉ៃ បរិវេណក្បែររណ្តៅភ្នំភ្លើង។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ កាលពីឆ្នាំ២០០២ រកឃើញថា ស្ត្រី១៦នាក់ បានហិតក្លិនផ្សិតឫស្សី ក្នុងចំណោមនោះ៦នាក់ ឈានដល់ចំណុចកំពូល។ ចំណែក១០នាក់ផ្សេងទៀត មានបម្រែបម្រួលសរីរាង្គកាយ ជាពិសេសចង្វាក់បេះដូងកើនឡើង ខណៈបុរសដែលបានចូលរួមពិសោធន៍ចំនួន២០នាក់អះអាងថា ផ្សិតប្រភេទនេះមានក្លិនស្អុយគួរឱ្យរអើម។
របាយការណ៍សិក្សាស្រាវជ្រាវ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិ International Journal of Medicinal Mushrooms បង្ហាញថា ផ្សិតឫស្សីប្រភេទនេះមានសមាសធាតុផ្សំក្នុងស្ព័រ (Spores) ដែលស្រដៀងទៅនឹងអ័រម៉ូន បញ្ជូនសរសៃប្រសាទ ដែលស្ត្រីបញ្ចោញវាចេញមកក្នុងខណៈរួមភេទ៕