ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ កំពុងតែផ្ទុះសំណើចហួសចិត្តជាខ្លាំង ជាមួយនឹងរូបសំណាកយក្សពីរអង្គ ដែលចាំយាមវិហារនាវត្តមួយកន្លែង។
តាមព័ត៌មានបានឱ្យដឹងថា វត្តនេះ ស្ថិតនៅខេត្តណាក់ខនស៊ីថាំម៉ាក់រាច ប្រទេសថៃ ហើយក្នុងផ្លូវចូលវិហារទាំងសងខាង គេឃើញមានរូបសំណាកយក្សពីរអង្គ ដែលមើលទៅហាក់កំពុងដេកលក់ ក្នុងកាយវិការបញ្ឃរជង្គង់ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងដៃរបស់យក្សទាំងពីរកាន់តែសុទ្ធតែរបស់ប្លែក។
ក្នុងនោះ យក្សមួយអង្គពាក់សុទ្ធតែនាឡិកាដៃទាំងសងខាង ថែមទាំងមានកាន់ទូរស័ព្ទទៀត ចំណែកមួយអង្គទៀត ពាក់សុទ្ធតែម៉ាស ឯដៃកាន់តែសុទ្ធតែនាវាមុជទឹកថែមទៀតផង។ ភាពចម្លែកទាំងនេះ បានសាងទាំងភាពផ្ទុះសំណើចហួសចិត្ត និងការរិះគន់ជាច្រើន ជាពិសេសគឺគេគិតថា វាបានសម្តៅលើរឿងនយោបាយក្នុងប្រទេស រហូតដល់ថ្នាក់ចៅអធិការវត្តចេញមុខមកបកស្រាយ និងត្រៀមកែប្រែរូបសំណាកទាំងនេះវិញ។
ចៅអធិការបានឱ្យដឹងថា ការសាងរូបសំណាកចម្លែកនេះ មិនបានសម្តៅលើរឿងនយោបាយនោះទេ ពោលគឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍របស់យុវជនសម័យថ្មីឱ្យកាន់តែចូលវត្តធ្វើបុណ្យច្រើនជាមុន ហើយលោកនឹងកែរូបយក្សកាន់ទូរស័ព្ទឱ្យជាកាន់គម្ពីរវិញ ហើយដូរនាឡិកាទៅជាកងដៃ និងដូរនាវាមុជទឹកទៅជាដំបងវិញផងដែរ៕